សុភាសិត

  1. ឈ្នះមនុស្សទន់ខ្សោយ ដោយការសង្គ្រោះ
    ឈ្នះមនុស្សខ្ពង់ខ្ពស់ ដោយការគោរព
    ឈ្នះមនុស្សស្មើគ្នា ព្យាយាមថ្ងៃយប់
    ឈ្នះសព្វឈ្នះគ្រប់ ឈ្នះចិត្តខ្លួនឯង។
  2. ទឹកត្រជាក់ត្រីកុំ។
  3. ពេលប្រយុទ្ធត្រូវការមនុស្សខ្លាំងក្លា
    ពេលមានបញ្ហាត្រូវការបណ្ឌិត
    ពេលដែលមានទុក្ខត្រូវការធម៌ពិត
    បានឃើញចិត្តមិត្តនៅពេលអន្តរាយ។

៥. ធ្វើ​ស្រែ​នឹង​ទឹក ធ្វើ​សឹក​នឹង​បាយ

ស្រែ​គ្មាន​ទឹក

បើ​មិនមាន​ទឹក​ទេ​នោះ តើ​កសិករ​យើង​ធ្វើ​ស្រែ​ដោយ​របៀប​ណា? កសិករ​កម្ពុជា​យើង​ភាគ​ច្រើន​ធ្វើ​ស្រែ​តែងតែ​ពឹង​ទៅ​លើ​មេឃ គឺ​ពឹង​ទៅ​លើ​ទឹក​ភ្លៀង។ ប្រសិន​បើ​មិនមាន​ភ្លៀង​ទេ​នោះ គាត់​តែងតែ​បូម​ទឹក​ពី​ស្រះ ត្រពាំង ឬបឹង ដែល​នៅ​ជិតៗ​នោះ​ ដើម្បី​រដោះ​គ្រោះ​មួយ​គ្រា​តូច​សិន ហើយ​ប្រសិន​បើ​គ្រោះ​រាំង​ស្ងួត​មាន​រយៈពេល​វែង នោះគាត់​នឹង​ជួប​ការ​លំបាក​ហើយ។ ម្យ៉ាងទៀត ការ​ធ្វើ​សឹក​តែង​ត្រូវការ​ស្បៀង (បាយ) ជា​សំខាន់ បើ​មិនមាន​ស្បៀង​ទេ​នោះ តើកងទ័ព​មាន​កម្លាំង​មក​ពី​ណា?

៤. ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម

សុភាសិត​នេះអប់រំ​មនុស្ស​យើង ឲ្យ​ចេះ​យក​អ្វី​ដែល​ល្អៗ​ ដែល​ជា​ការណែនាំ​របស់គ្រូ​ក្តី របស់​រាម​ច្បង​ក្តី របស់​អ្នក​ណា​ម្នាក់​ក្តី​​មកទុកដាក់​ក្នុង​ខ្លួន ហើយ​មិន​ត្រូវ​យក​តម្រាប់​តាម​អ្នក​ទាំងអស់​នោះ​នូវ​ទង្វើ​ទាំង​ឡាយ​ណា​ដែល​មិន​ត្រឹមត្រូវទេ។ ឧទាហរណ៍ បើ​គ្រូ​បង្រៀន​​ចំណេះដឹង​ល្អៗ ត្រូវ​ត្រង​ត្រាប់​ស្តាប់​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​ប្រសិន​បើ​ឃើញ​គ្រូ​ធ្វើ​អ្វី​ដែល​មិនត្រឹមត្រូវ ដូច​ជា​ ជក់​បារី សេព​គ្រឿង​ស្រវឹង ជាដើម​ នោះ​មិន​ត្រូវ​យក​តម្រាប់​តាម​ឡើយ។

៣. អ្នក​ខ្សោយ​ធ្វើ​របាំង អ្នក​ខ្លាំង​ធ្វើ​របង អ្នក​ខ្វាក់​យក​ជា​ខ្នង អ្នក​កោងកាច​យក​ជា​គ្នា

សុភាសិត​នេះ​មាន​បំណង អប់រំ​មនុស្ស​យើង​ឲ្យចេះរាប់អាន និងអត់អោន​មនុស្សគ្រប់គ្នា មិន​ប្រកាន់​បក្សពួក និង​មិន​រើសអើង ពិសេសសម្រាប់អ្នកគ្រប់គ្រង។

២. ផ្លូវ​វៀច​កុំ​បោះបង់ ផ្លូវ​ត្រង់​កុំ​ដើរ​ហោង


សុភាសិត​នេះ​មាន​ន័យ​អប់រំ​មនុស្ស​លោក​យើង កុំ​ឲ្យ​ត្រង់​ពេក​ត្រូវ​ចេះ​មើល​គ្រប់​កាលៈទេសៈ។ រឿង​ខ្លះ​ដោយសារ​តែ​យើង​ត្រង់​ពេក បាន​ធ្វើឲ្យ​មាន​ផលវិបាក​សម្រាប់​អ្នក​ដទៃ ឬ​ក៏​អាច​គ្រោះថ្នាក់​ដល់​សង្គម​ទៀត​ផង មានន័យ​ថា​យើង​ត្រូវ​ចេះ​វៀច​ខ្លះ​គឺ​កុំ​ចោល​ឲ្យ​សោះ។ ម្យ៉ាង​ទៀត​រឿង​មួយ​ចំនួន យើង​ត្រូវ​សម្រប​តាម​កាលៈទេសៈ បើ​ក្នុង​ចំណោម ១០០ នាក់​មាន ៩៩ នាក់​វៀច​ទៅ​ហើយ ទោះ​ជា​យើង​ត្រង់ ក៏​មិនមាន​អ្នក​ជឿ​ដែរ ប្រែ​ទៅជា​ខុស​តែ​ម្នាក់​ឯង​ទៅវិញ។

១. ធ្វើ​គុណ​គេ​កុំ​​សំដែង តែង​កុំ​បំភ្លេច​គុណ​របស់​គេ។


សុភាសិត​នេះ ចាស់​បុរាណ​យើង​មាន​បំណង ចង់​អប់រំ​មនុស្ស​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ស​នៅ​ពេល​ធ្វើ​គុណ​ទៅលើ​អ្នក​ដទៃ មាន​ន័យ​ថា​ជួយ​អ្នក​ដទៃ​ត្រូវ​ជួយ​ឲ្យ​អស់ពី​ចិត្ត​ដោយ​មិនមាន​នឹកនា​ថា​នឹង​ទទួល​បាន​សំណង​អ្វី​ពី​អ្នក​នោះ​វិញ​ឡើយ។ ម្យ៉ាងទៀត​បើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​គុណ ឬ​ជួយ​នោះ មិនត្រូវ​ធ្វើជា​មិនដឹង​មិនឮ ឬ​ភ្លេច​ថា​អ្វី​ដែល​គេ​បាន​ជួយ​នោះ​ឡើយ។

Follow

Get every new post delivered to your Inbox.

Join 29 other followers