ច្បាប់ប្រុស (កំណាព្យ)

ច្បាប់ប្រុស
(បទ​ព្រហ្មគីតិ)

រៀនបទរៀនបាទចាស កុំច្រលាសលើរៀមច្បង
ស្រដីនឹងអ្នកផង ពាក្យឲ្យគួរកុំឯងវ៉ី។
អឺអើអញដាច់សាច់ ឆ្គងពាក្យពេចន៍គេស្រដី
ដើមដៀលឲ្យអប្រិយ ស្រដីថាកូនអត់ពូជ។
ចាស់ទុំមិនប្រដៅ ជេរកូនចៅទើបវាខូច
គេថាកូនឥតពូជ មិនដឹងច្បាប់នឹងចាស់ទុំ។
គេដៀលដល់ម៉ែឪ កេរ្តិ៍អាស្រូវស្អុយរហ៊ុម
គេស្តីដើមជៀវជុំ ដំនៀលនោះដល់មកចាស់។
កុំកាចកុំស្លូតពេក កុំចំអៀករៀនរហ័ស
កុំខ្លាចកុំហ៊ានណាស់ ឲ្យរំពឹងរំពៃគ្រប់។
ទោះដេកឲ្យរហ័ស ភ្ញាក់មុនចាស់ដោះឡើងលុប
មុខមាត់មើលឲ្យគ្រប់ ទ្រព្យរបស់សឹមដេកវិញ។
មាសប្រាក់ស្រូវអង្ករ ទុកឲ្យល្អកុំសប្បុរស
សំចៃកុំឲ្យអស់ មើលថែថួនខ្លួនឯងណា។
សូវស្តួចកុំឲ្យដាច់ បើវាតិចឲ្យឧស្សាហ៍
រិះរកផ្សំទៀតណា ឲ្យបានច្រើនក្រវើនទុក។
នឹងចាយឲ្យគិតក្រោយ ទោះនឹងឲ្យៗមើលមុខ
កុំឲ្យស៊ុកគ្រលុក ទោះនឹងទុកឲ្យចំណាំ។
រដូវធ្វើចំការ ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ
ស្លឹកគ្រៃខ្ញីត្រប់ត្រុំ ត្រាវត្រសក់ត្រប់បន្លៃ។
កុំខ្ជិលកុំច្រអូស ទៅរងួសរត់សុំគេ
គេមិនឲ្យឯងទេ តែគឺមោះព្រោះខ្ជិលដាំ។
ប្រយ័ត្នប្រយោជន៍យូរ ទោះលក់ដូរមើលថែថួន
ទោះទ្រព្យរបស់ខ្លួន ឲ្យសួរកូនសួរប្រពន្ធ។
កុំអាងឯងជាប្រុស ចាយរបស់មិនគិតគន់
មិនដឹងដល់ប្រពន្ធ ព្រមព្រៀងគ្នាឥតបើថា។
ទោះបីបើបងប្អូន រកពឹងខ្លួនទៅទីណា
ទោះទៅលេងឥតការ ឥតគេរកដើរឆ្ងាយជិត។
ឲ្យប្រាប់អ្នកនៅផ្ទះ កុំរលះឥតគំនិត
គេភ័យព្រួយចិត្តគិត ព្រោះមិនដឹងជាទៅណា។
បើសិនជាមានភ័ព្វ ប្រសើរគាប់នោះឥតថា
ប្រសិនពានពស់ខ្លា ខ្យល់ចុកចាប់ឥតបើសម។
កូនអើយបាកុំធ្លោយ កុំធ្លាប់ឲ្យអាប់កិត្តិយស
ធម្មតាកើតជាប្រុស ឲ្យរករៀនច្បាប់មាត្រា។
លោកថាហៅឆ្កួតបី មួយឆ្កួតស្រីមួយឆ្កួតស្រា
មួយឆ្កួតល្បែងពាលា លេងបៀប៉ោធួកំតាត់។
ទាក់មាន់ទាក់ទទា ជល់ភ្នាល់គ្នាបរបាញ់សត្វ
អន្ទាក់ដាក់បង្កាត់ ល្បែងអស់នោះមិនកំណើត។
ធម្មតាប៉ោ និងបៀ មិនដែលខ្មែរណានឹងកើត
មិនឮមានកំណើត មានតែលិចលង់ខ្លួនទេ។
ជួនកាលគេចាញ់ឯង រៀងរាល់ល្បែងតែងនឹងរេ
មានកាលឯងចាញ់គេ កុំទុកចិត្តថាឯងប៉ិន។

(ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ)

Ref: http://kh.setha.info/edu-poe/36-edu-poe-0002.html

បទ​ពង្សាវតារ​ខ្មែរ

បទពង្សាវតារខ្មែរ

ខ្មែរអើយចូរចាំជាក់ថា តាមសាវតារ
ជាតិខេមរា ធ្លាប់តែថ្កើង
ទឹកដីខ្មែរធំ ទូលំទូលាយ
សព្វសាយរុងរឿង គេ…ឯងតែងលើកតម្កើង
តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង។
អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយ
គ្រប់ទិសទាំងឡាយ ចុងបូព៌ា
សាសនាសិល្បៈ ចម្លាក់វិចិត្រ
គំនិតសិក្សា តន្ត្រី…ទស្សនវិជ្ជាព្រះពុទ្ធសាសនា
ជាគោលការណ៍ ខ្មែរផ្សាយទៅ។
ខ្មែរអើយចូរស្តាប់សាវតារ ដែលបានចរចា
បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង
តាំងចិត្តឲ្យមាំ ខិតខំប្រឹងវិញ
បញ្ចេញតម្កើង តម្លៃ…នៃជាតិខ្មែរយើង
ឲ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ។
ព្រះរាជនិពន្ធដោយ សម្តេចព្រះសង្ឃរាជ ជួន ណាត

 

រឿង ស្មាន់ កណ្តុរ អណ្តើក និងក្អែក

     ស្មាន់ កណ្តុរ អណ្តើក និងក្អែកបានចងមិត្តជាមួយគ្នា ហើយរស់ជាសហគមន៍ក្នុងទីស្ថានមួយដ៏ស្ងប់ស្ងាត់ ឆ្ងាយពីភូមិស្ថានមនុស្សទាំងឡាយ។
     ប៉ុន្តែចំមែនតែម្តង ! មនុស្សនៅតែរកកន្លែងជ្រកអាស្រ័យរបស់គេឃើញទៀត។ ទោះគេទៅពួននៅទីរហោដ្ឋាន នៅបាតសមុទ្រ ឬកណ្តាលលំហក៏គេនៅតែមិនអាចចៀសផុតពីការស្ទាក់ចាប់របស់មនុស្សដែរ។
     ពេលមួយស្មាន់ដើរស្វែងរកអាហារតាមសម្មាជីវោ ស្រាប់តែឆ្កែជាឧបករណ៍មួយដ៏កំណាច បម្រើតណ្ហាព្រៃផ្សៃរបស់មនុស្ស វែកស្មៅ ដេញហិត តាមដានជើងរបស់គេ។ ដូចនេះស្មាន់ក៏រត់ឆ្ងាយទៅៗ។ នៅពេលបរិភោគ កណ្តុរនិយាយទៅកាន់មិត្តដទៃទៀតដែលនៅសល់៖ “មូលហេតុអ្វីបានជាថ្ងៃនេះ យើងនៅសល់គ្នាតែបីនាក់ ? ស្មាន់គេបំភ្លេចពួកយើងអស់ហើយមែនឬទេ ?” ពេលនោះអណ្តើកឧទានឡើង ៖
“ឱ ! ប្រសិនបើខ្ញុំមានស្លាបដូចក្អែក ខ្ញុំនឹងចេញទៅស្វែងយល់ យ៉ាងហោចណាស់ក៏ឲ្យដឹងថាតើមិត្តដ៏មានដំណើរស្រាលស្ងើករបស់យើងមានជួបគ្រោះថ្នាក់អ្វី នៅទីណាដែរ ព្រោះថាបើនិយាយពីទឹកចិត្ត គ្មាននរណាអាចវិនិច្ឆ័យឲ្យដឹងបានប្រសើរជាងពេលនេះទេ” ។
     ក្អែកក៏ហើរចេញវឹង។ វាបានមើលពីចម្ងាយទៅឃើញស្មាន់ ធ្វេសទៅជាប់អន្ទាក់ ហើយកំពុងទធាក់រើបម្រះ។ ក្អែកត្រឡប់វឹងមកប្រាប់គ្នីគ្នាភ្លាម ព្រោះថា បើទៅសួរនាំស្មាន់ថា តើរឿងឧបទ្រពនេះកើតឡើងពីពេលណា ដោយសារមូលហេតុអ្វី និងបែបណានោះ គឺជាការខាតពេលដ៏មានប្រយោជន៍ដោយសារតែវាចាឥតប្រយោជន៍ ដែលគ្រូនៅតាមសាលាខ្លះ តែងទម្លាប់ធ្វើកន្លងមកក្នុងការវិនិច្ឆ័យ។
     ផ្អែកលើរបាយការណ៍របស់ក្អែក មិត្តទាំងបីក៏ពិភាក្សាគ្នា មិត្តពីរយល់ព្រមនឹងគ្នាថា ត្រូវរកមធ្យោបាយចម្លងគ្នាជាបន្ទាន់ទៅកាន់កន្លែងដែលស្មាន់ជាប់អន្ទាក់។
     អ្នកទីបី ក្អែកពោល ត្រូវនៅចាំកន្លែង ៖ “បើតាមដំណើរយឺតៗរបស់គេនោះ តើពេលណាទើបទៅដល់? បើដល់ក៏ក្រោយពីស្មាន់ស្លាប់បាត់ទៅហើយដែរ”។
     អណ្តើកចង់ជួយមិត្តដូចគេដែរ។ នុះគេចេញដំណើរទៅនឹងគេហើយ។ ជាការត្រឹមត្រូវណាស់ដែលគេក្តៅក្រហាយនឹងជើងខ្លីៗ ហើយនិងភាពចាំបាច់ ដែលត្រូវអូសលំនៅជាប់តាមខ្លួនទៅជាមួយផង។
     ចៅកកេរ (កណ្តុរ សមនឹងត្រូវបានទទួលនាមនេះណាស់) ខំកាត់ខ្សែអន្ទាក់៖ “គេអាចគិតទៅដល់ការរីករាយបានហើយ”។
     លុះព្រានព្រៃមកដល់ គេនិយាយ “ចុះនរណាមករំដោះអាហារខ្ញុំ?” ឮសូរវាចានេះ ចៅកកេរក៏រត់ទៅពួនក្នុងរូងមួយ ក្អែកលើដើមឈើមួយ ស្មាន់ក្នុងគម្ពោតមួយ។
     ព្រានព្រៃខឹងស្ទើរឆ្កួត ដោយគ្មានឃើញអ្វីទាំងអស់។ ងាកចុះងាកឡើង គេប្រទះឃើញ អណ្តើកក៏ទប់កំហឹង។
     “តើមានអ្វីគួរឲ្យភ័យព្រួយ? វានេះក៏អាចបំពេញឆ្នាំងខ្ញុំបានដែរតើ”។ ព្រានរើសអណ្តើកដាក់ក្នុងស្បោង។
     អណ្តើកនឹងត្រូវរងគ្រោះជំនួសអ្នកឯទៀត ប្រសិនបើក្អែកមិនប្រាប់ដល់ស្មាន់។ ស្មាន់ចេញពីកន្លែងពួនភ្លាម។ វាបង្ហាញខ្លួនឲ្យព្រានព្រៃឃើញ ហើយធ្វើឫកជាបាក់ជើង។ ព្រានដេញតាមឥតបង្អង់ ដោយបោះចោលអ្វីៗទាំងអស់ដែលគេយល់ថាទើសទែង៖ ដូចនេះចៅកកេរក៏ចាប់ផ្តើមធ្វើការភ្លាមដោយកកេរកាត់ខ្សែចងមាត់ស្បោង ដើម្បីរំដោះមិត្តមួយទៀតដែលព្រានប្រុងយកទៅធ្វើម្ហូប។
     ចៅកកេរជាវីរជនចម្បង ថ្វីបើក្នុងទីនេះម្នាក់ៗសុទ្ធតែចាំបាច់។ អ្នកអូសលំនៅមកជាមួយក៏មានចំណែកក្នុងកិច្ចការនេះ ដូចចៅក្អែកដែលបំពេញភារកិច្ចជាចារជន និងជានីរសារដែរ។ ចៅស្មាន់ក៏ប៉ិនប្រសប់ ក្នុងការបង្វែងដានព្រាន ទុកពេលឲ្យចៅកកេរធ្វើការ។ ម្នាក់ៗសុទ្ធតែមាននាទីក្នុងការធ្វើអន្តរាគមន៍ បញ្ចេញប្រតិកម្ម និងបំពេញការងារ។
     ដូចនេះតើនរណាសមនឹងត្រូវបានទទួលរង្វាន់? បើតាមយោបល់ខ្ញុំ គឺបេះដូង។


(ប្រែសម្រួលពីអត្ថបទដើមសរសេរជាពាក្យកាព្យ សៀវភៅទី XII ល្បើកទី១៥របស់កវីនិពន្ធសង់ឌីឡាផុង តែន)។

(ដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី ៧)

កំណាព្យបទពាក្យ៧

ចុងជួន
ចុងជួនបទពាក្យ៧
 
ឧទាហរណ៍១៖ អំពីមនុស្សលោក

មនុស្សកើតមកមានចិត្តខុសគ្នា   មានខ្លះមាយាខ្លះស្មោះត្រង់
ខ្លះចេះរក្សាខ្លះបោះបង់   ខ្លះទៀតលិចលង់ខ្លះថ្កើងថ្កាង។
មានខ្លះកោងកាចខ្លះគួរសម   ខ្លះទៀតរមទម្យខ្លះដើរកាង
ខ្លះទន់ខ្សោយខ្លះមានសំអាង   ខ្លះលេងចាយរាងខ្លះទុយមុយ។
មនុស្សខ្លះរឹងប៉ឹងខ្លះបារម្ភ   ខ្លះទៀតស្អាតស្អំខ្លះក្លិនស្អុយ
ខ្លះទៀតហ៊ឺហារខ្លះអត់លុយ   ខ្លះហ៊ានប្រថុយខ្លះរអារ។
រីឯអ្នកខ្លះសែនខ្មាសអៀន   អ្នកខ្លះចិត្តហ៊ានឥតឧបមា
អ្នកខ្លះប្រឹងរៀនចិត្តឧស្សាហ៍   អ្នកខ្លះខ្ជីខ្ជារច្រអូសខ្ជិល
ឯអ្នកខ្លះវិញសែនសុភាព   រាបសារមិនប្រៀបនឹងអ្នកខិល
មានមាត់និយាយតែងរអិល   ចេកចូចវល់វិលប៉ះពាល់កេរ្តិ៍។

 
ឧទាហរណ៍២៖ អំពីការតស៊ូ ព្យាយាម

មនុស្សយើងរស់នៅជាមួយគ្នា   សាមគ្គីសាមគ្គាដើម្បីជ័យ
ជំនះឧបសគ្គដោយឥតភ័យ   ត្រូវតែប្រល័យដោយបញ្ញា។
បញ្ញាមនុស្សលោកគ្មានព្រំដែន   រាប់ពាន់ម៉ឺនសែនមិនហ៊ានថា
អ្វីៗគ្រប់យ៉ាងគ្រប់ប្រការ   សម្រេចក្រលាដោយរីករាយ។
មើលសត្វស្រមោចប្រឹងតស៊ូ   ធ្វើការយូរៗរឹតសប្បាយ
មិនគិតខ្លួនតូចតាមរាងកាយ   ហាក់ដូចមិនងាយនឹងធ្វើបាន។

 
ដោយ៖ សេដ្ឋា

Ref: http://kh.setha.info/edu-poe/35-edu-poe-0001.html

Follow

Get every new post delivered to your Inbox.

Join 31 other followers