ជ្រើសរើសស៊ុតពងតូច ឬពងធំទើបល្អ?

ការជ្រើសរើស​ស៊ុត​គ្រាប់​តូច ឬគ្រាប់​ធំ​នោះ សំខាន់​អាស្រ័យ​ទៅលើ​ថា​យើង​ត្រូវការ​ប្រើ​ស៊ុតស ឬ​ស៊ុតក្រហម​ច្រើន​តែ​ប៉ុណ្ណោះ។

បើ​ក្នុង​ករណី​ត្រូវការ​ស៊ុតស​ច្រើន គប្បី​ជ្រើសរើស​គ្រាប់​ស៊ុត​ណា​ដែលមាន​ទំហំ​ធំ ប៉ុន្តែ​ក្នុង​ករណី​ត្រូវការ​ជ្រើសរើស​ប្រើ​ស៊ុត​ក្រហម​ច្រើន ឱ្យ​ជ្រើសរើស​ស៊ុត​គ្រាប់​តូច​វិញ ព្រោះ​មាន​បរិមាណ​ស៊ុតស​តិច​តែ​គ្រាប់ក្រហម​ធំ។ ទោះបីយ៉ាងណា ស៊ុតទាំងអស់​ពុំមាន​លក្ខណៈ​បែបនេះ​ទាំងស្រុង​ទេ ព្រោះ​ពេលខ្លះ​ក៏មាន​ភាព​ផ្ទុយគ្នា​ពី​លក្ខណៈ​ធម្មជាតិ​នេះ​ដែរ។

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០៥៥ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០០៩)

ហេតុអ្វីយើងសម្លឹងមើលមិនឃើញ​ក្លិន

យើង​សម្លឹងមើល​មិនឃើញ​ក្លិន ព្រោះ​ក្លិន​គឺជា​សារជាតិ​ទំហំ​តូចៗ​បំផុត​ដែល​មិនអាច​សម្លឹងមើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន។

ក្លិន​អណ្ដែត​នៅក្នុង​ខ្យល់​អាកាស ហើយ​បានធ្វើ​ចលនា​អណ្ដែត​រសាត់​មកប៉ះ​ត្រូវ​ច្រមុះ​របស់យើង។ ក្លិន​អាច​ធ្វើ​ចលនា​បាន​ឆ្ងាយពាសពេញ​តាម​ជាមួយ​ខ្យល់អាកាស។

ដោយសារ​ខ្យល់​អាកាស​ក្ដៅ​ស្រាលជាង​ខ្យល់អាកាស​ត្រជាក់ ដូច្នេះ​ធ្វើឱ្យ​អាកាសធាតុ​ក្ដៅ​ធ្វើចលនា​បាន​ល្អជាង ដូច្នេះ​ទើប​វា​នាំ​ក្លិន​សាយភាយ​បានច្រើនជាង។

ជាទូទៅ ក្នុង​ថ្ងៃ​ដែល​មានខ្យល់អាកាស​ក្ដៅ ទើប​ក្លិន​អាច​សាយភាយ​បាន​ល្អ និង​ទៅឆ្ងាយ​ជាង​ថ្ងៃ​ដែលមាន​អាកាសធាតុ​ត្រជាក់។

នៅពេល​ក្លិន​អណ្ដែត​រសាត់​មកប៉ះចំ​ច្រមុះ វា​តែង​បញ្ជូន​ទិន្នន័យ​ទៅត្រង់​ខួរក្បាល ធ្វើឱ្យ​យើង​ដឹងថា​មាន​ក្លិន និង​ដឹងថា​ជា​ក្លិន​ក្រអូប ឬ​ក្លិន​ស្អុយ៕

(ដកស្រង់​ពី​កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៤១ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០០៩)

ត្រាំក្រូចក្នុងទឹកក្ដៅងាយបក

ក្រូចថ្លុង ឬ​ក្រូចប្រភេទខ្លះ​ដែលមាន​សម្បក​ក្រាស់​ជួបការលំបាក​ក្នុងការ​បក​សម្បក ដូច្នេះ​មុននឹង​បក គួរ​យកទៅ​ត្រាំ​ក្នុងទឹកក្ដៅ​មួយសន្ទុះ។

ក្រោយពី​ត្រាំ​រួចរាល់ហើយ​លើក​យកមកវិញ​នោះ សម្បកក្រូច​ទន់ ងាយបក ហើយ​សរសៃក្នុង​ផ្លែក្រូច​កាន់តែ​ងាយបក​ចេញ​ទៀតផង។

ផ្លែក្រូច​ស្ទើរ​គ្រប់ប្រភេទ​សម្បូរ​ដោយ​វីតាមីន​គ្រប់ប្រភេទ ហើយ​ពិសេស​ក្រូចពោធិ៍សាត់ ជា​ឱសថ​ត្រជាក់​សម្រាប់​បំបាត់​អាការៈ​ក្ដៅក្នុង៕

(ដកស្រង់ពីកាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៥០០២ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០០៩)

សត្វ​អ្វី​មាន​អាយុ​វែង​បំផុត​ក្នុង​លោក

សត្វ​មាន​ជីវិត​មួយ​ប្រភេទៗ តែង​មាន​អាយុ​មិនដូច​គ្នា​ទេ ខ្លះ​អាយុ​វែង ឯ​ខ្លះ​ទៀត​អាយុ​ខ្លី។

ក្នុង​ចំណោម​នេះ សត្វ​អណ្តើក​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​សត្វ​មាន​អាយុ​វែង​បំផុត ដោយ​គិត​ជា​មធ្យម​វា​មាន​អាយុ​ដល់​ទៅ ១៥០ ឆ្នាំ។

ក្នុង​ឆ្នាំ ១៧៦៦ លោក ម៉ារីអូ អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង បាន​រក​ឃើញ​អណ្តើក​យក្ស​មួយ​ក្បាល​ដែល​គេ​ជឿថា​មាន​អាយុ​រហូត​ដល់ ២០០ ឆ្នាំ។

សម្រាប់​កាល​ពី​ថ្មីៗ​មក​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​សត្វ​មាន​ជីវិត​ក្នុង​សមុទ្រ ការ៉ាអ៊ីប ដែល​មាន​រូបរាង​ចម្លែក ដោយ​ដង​ខ្លួន​មាន​ពណ៌​ទឹក​ក្រូច និង​មាន​ទំហំ​ខ្លួន​តូច​ប្រហែល ១ សង់ទីម៉ែត្រ​ការ៉េ ហើយ​កម្រាស់ ១ មីល្លីម៉ែត្រ។ សត្វ​នេះ គេ​ជឿ​ថា​មាន​អាយុ​ជាង ៨០០ ឆ្នាំ៕

(ដកស្រង់​ពី កាសែត រស្មីកម្ពុជា ឆ្នាំទី ១៧ លេខ ៤៩៣៥ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០០៩)

Follow

Get every new post delivered to your Inbox.