ច្បាប់ប្រុស
(បទព្រហ្មគីតិ)
| រៀនបទរៀនបាទចាស |
កុំច្រលាសលើរៀមច្បង |
| ស្រដីនឹងអ្នកផង |
ពាក្យឲ្យគួរកុំឯងវ៉ី។ |
| អឺអើអញដាច់សាច់ |
ឆ្គងពាក្យពេចន៍គេស្រដី |
| ដើមដៀលឲ្យអប្រិយ |
ស្រដីថាកូនអត់ពូជ។ |
| ចាស់ទុំមិនប្រដៅ |
ជេរកូនចៅទើបវាខូច |
| គេថាកូនឥតពូជ |
មិនដឹងច្បាប់នឹងចាស់ទុំ។ |
| គេដៀលដល់ម៉ែឪ |
កេរ្តិ៍អាស្រូវស្អុយរហ៊ុម |
| គេស្តីដើមជៀវជុំ |
ដំនៀលនោះដល់មកចាស់។ |
| កុំកាចកុំស្លូតពេក |
កុំចំអៀករៀនរហ័ស |
| កុំខ្លាចកុំហ៊ានណាស់ |
ឲ្យរំពឹងរំពៃគ្រប់។ |
| ទោះដេកឲ្យរហ័ស |
ភ្ញាក់មុនចាស់ដោះឡើងលុប |
| មុខមាត់មើលឲ្យគ្រប់ |
ទ្រព្យរបស់សឹមដេកវិញ។ |
| មាសប្រាក់ស្រូវអង្ករ |
ទុកឲ្យល្អកុំសប្បុរស |
| សំចៃកុំឲ្យអស់ |
មើលថែថួនខ្លួនឯងណា។ |
| សូវស្តួចកុំឲ្យដាច់ |
បើវាតិចឲ្យឧស្សាហ៍ |
| រិះរកផ្សំទៀតណា |
ឲ្យបានច្រើនក្រវើនទុក។ |
| នឹងចាយឲ្យគិតក្រោយ |
ទោះនឹងឲ្យៗមើលមុខ |
| កុំឲ្យស៊ុកគ្រលុក |
ទោះនឹងទុកឲ្យចំណាំ។ |
| រដូវធ្វើចំការ |
ឲ្យឧស្សាហ៍គ្រឿងគ្រាប់ដាំ |
| ស្លឹកគ្រៃខ្ញីត្រប់ត្រុំ |
ត្រាវត្រសក់ត្រប់បន្លៃ។ |
| កុំខ្ជិលកុំច្រអូស |
ទៅរងួសរត់សុំគេ |
| គេមិនឲ្យឯងទេ |
តែគឺមោះព្រោះខ្ជិលដាំ។ |
| ប្រយ័ត្នប្រយោជន៍យូរ |
ទោះលក់ដូរមើលថែថួន |
| ទោះទ្រព្យរបស់ខ្លួន |
ឲ្យសួរកូនសួរប្រពន្ធ។ |
| កុំអាងឯងជាប្រុស |
ចាយរបស់មិនគិតគន់ |
| មិនដឹងដល់ប្រពន្ធ |
ព្រមព្រៀងគ្នាឥតបើថា។ |
| ទោះបីបើបងប្អូន |
រកពឹងខ្លួនទៅទីណា |
| ទោះទៅលេងឥតការ |
ឥតគេរកដើរឆ្ងាយជិត។ |
| ឲ្យប្រាប់អ្នកនៅផ្ទះ |
កុំរលះឥតគំនិត |
| គេភ័យព្រួយចិត្តគិត |
ព្រោះមិនដឹងជាទៅណា។ |
| បើសិនជាមានភ័ព្វ |
ប្រសើរគាប់នោះឥតថា |
| ប្រសិនពានពស់ខ្លា |
ខ្យល់ចុកចាប់ឥតបើសម។ |
| កូនអើយបាកុំធ្លោយ |
កុំធ្លាប់ឲ្យអាប់កិត្តិយស |
| ធម្មតាកើតជាប្រុស |
ឲ្យរករៀនច្បាប់មាត្រា។ |
| លោកថាហៅឆ្កួតបី |
មួយឆ្កួតស្រីមួយឆ្កួតស្រា |
| មួយឆ្កួតល្បែងពាលា |
លេងបៀប៉ោធួកំតាត់។ |
| ទាក់មាន់ទាក់ទទា |
ជល់ភ្នាល់គ្នាបរបាញ់សត្វ |
| អន្ទាក់ដាក់បង្កាត់ |
ល្បែងអស់នោះមិនកំណើត។ |
| ធម្មតាប៉ោ និងបៀ |
មិនដែលខ្មែរណានឹងកើត |
| មិនឮមានកំណើត |
មានតែលិចលង់ខ្លួនទេ។ |
| ជួនកាលគេចាញ់ឯង |
រៀងរាល់ល្បែងតែងនឹងរេ |
| មានកាលឯងចាញ់គេ |
កុំទុកចិត្តថាឯងប៉ិន។ |
(ដកស្រង់ចេញពីច្បាប់ប្រុសរបស់ បណ្ឌិត ម៉ឺន មៃ)