រឿង ស្មាន់ កណ្តុរ អណ្តើក និងក្អែក

     ស្មាន់ កណ្តុរ អណ្តើក និងក្អែកបានចងមិត្តជាមួយគ្នា ហើយរស់ជាសហគមន៍ក្នុងទីស្ថានមួយដ៏ស្ងប់ស្ងាត់ ឆ្ងាយពីភូមិស្ថានមនុស្សទាំងឡាយ។
     ប៉ុន្តែចំមែនតែម្តង ! មនុស្សនៅតែរកកន្លែងជ្រកអាស្រ័យរបស់គេឃើញទៀត។ ទោះគេទៅពួននៅទីរហោដ្ឋាន នៅបាតសមុទ្រ ឬកណ្តាលលំហក៏គេនៅតែមិនអាចចៀសផុតពីការស្ទាក់ចាប់របស់មនុស្សដែរ។
     ពេលមួយស្មាន់ដើរស្វែងរកអាហារតាមសម្មាជីវោ ស្រាប់តែឆ្កែជាឧបករណ៍មួយដ៏កំណាច បម្រើតណ្ហាព្រៃផ្សៃរបស់មនុស្ស វែកស្មៅ ដេញហិត តាមដានជើងរបស់គេ។ ដូចនេះស្មាន់ក៏រត់ឆ្ងាយទៅៗ។ នៅពេលបរិភោគ កណ្តុរនិយាយទៅកាន់មិត្តដទៃទៀតដែលនៅសល់៖ “មូលហេតុអ្វីបានជាថ្ងៃនេះ យើងនៅសល់គ្នាតែបីនាក់ ? ស្មាន់គេបំភ្លេចពួកយើងអស់ហើយមែនឬទេ ?” ពេលនោះអណ្តើកឧទានឡើង ៖
“ឱ ! ប្រសិនបើខ្ញុំមានស្លាបដូចក្អែក ខ្ញុំនឹងចេញទៅស្វែងយល់ យ៉ាងហោចណាស់ក៏ឲ្យដឹងថាតើមិត្តដ៏មានដំណើរស្រាលស្ងើករបស់យើងមានជួបគ្រោះថ្នាក់អ្វី នៅទីណាដែរ ព្រោះថាបើនិយាយពីទឹកចិត្ត គ្មាននរណាអាចវិនិច្ឆ័យឲ្យដឹងបានប្រសើរជាងពេលនេះទេ” ។
     ក្អែកក៏ហើរចេញវឹង។ វាបានមើលពីចម្ងាយទៅឃើញស្មាន់ ធ្វេសទៅជាប់អន្ទាក់ ហើយកំពុងទធាក់រើបម្រះ។ ក្អែកត្រឡប់វឹងមកប្រាប់គ្នីគ្នាភ្លាម ព្រោះថា បើទៅសួរនាំស្មាន់ថា តើរឿងឧបទ្រពនេះកើតឡើងពីពេលណា ដោយសារមូលហេតុអ្វី និងបែបណានោះ គឺជាការខាតពេលដ៏មានប្រយោជន៍ដោយសារតែវាចាឥតប្រយោជន៍ ដែលគ្រូនៅតាមសាលាខ្លះ តែងទម្លាប់ធ្វើកន្លងមកក្នុងការវិនិច្ឆ័យ។
     ផ្អែកលើរបាយការណ៍របស់ក្អែក មិត្តទាំងបីក៏ពិភាក្សាគ្នា មិត្តពីរយល់ព្រមនឹងគ្នាថា ត្រូវរកមធ្យោបាយចម្លងគ្នាជាបន្ទាន់ទៅកាន់កន្លែងដែលស្មាន់ជាប់អន្ទាក់។
     អ្នកទីបី ក្អែកពោល ត្រូវនៅចាំកន្លែង ៖ “បើតាមដំណើរយឺតៗរបស់គេនោះ តើពេលណាទើបទៅដល់? បើដល់ក៏ក្រោយពីស្មាន់ស្លាប់បាត់ទៅហើយដែរ”។
     អណ្តើកចង់ជួយមិត្តដូចគេដែរ។ នុះគេចេញដំណើរទៅនឹងគេហើយ។ ជាការត្រឹមត្រូវណាស់ដែលគេក្តៅក្រហាយនឹងជើងខ្លីៗ ហើយនិងភាពចាំបាច់ ដែលត្រូវអូសលំនៅជាប់តាមខ្លួនទៅជាមួយផង។
     ចៅកកេរ (កណ្តុរ សមនឹងត្រូវបានទទួលនាមនេះណាស់) ខំកាត់ខ្សែអន្ទាក់៖ “គេអាចគិតទៅដល់ការរីករាយបានហើយ”។
     លុះព្រានព្រៃមកដល់ គេនិយាយ “ចុះនរណាមករំដោះអាហារខ្ញុំ?” ឮសូរវាចានេះ ចៅកកេរក៏រត់ទៅពួនក្នុងរូងមួយ ក្អែកលើដើមឈើមួយ ស្មាន់ក្នុងគម្ពោតមួយ។
     ព្រានព្រៃខឹងស្ទើរឆ្កួត ដោយគ្មានឃើញអ្វីទាំងអស់។ ងាកចុះងាកឡើង គេប្រទះឃើញ អណ្តើកក៏ទប់កំហឹង។
     “តើមានអ្វីគួរឲ្យភ័យព្រួយ? វានេះក៏អាចបំពេញឆ្នាំងខ្ញុំបានដែរតើ”។ ព្រានរើសអណ្តើកដាក់ក្នុងស្បោង។
     អណ្តើកនឹងត្រូវរងគ្រោះជំនួសអ្នកឯទៀត ប្រសិនបើក្អែកមិនប្រាប់ដល់ស្មាន់។ ស្មាន់ចេញពីកន្លែងពួនភ្លាម។ វាបង្ហាញខ្លួនឲ្យព្រានព្រៃឃើញ ហើយធ្វើឫកជាបាក់ជើង។ ព្រានដេញតាមឥតបង្អង់ ដោយបោះចោលអ្វីៗទាំងអស់ដែលគេយល់ថាទើសទែង៖ ដូចនេះចៅកកេរក៏ចាប់ផ្តើមធ្វើការភ្លាមដោយកកេរកាត់ខ្សែចងមាត់ស្បោង ដើម្បីរំដោះមិត្តមួយទៀតដែលព្រានប្រុងយកទៅធ្វើម្ហូប។
     ចៅកកេរជាវីរជនចម្បង ថ្វីបើក្នុងទីនេះម្នាក់ៗសុទ្ធតែចាំបាច់។ អ្នកអូសលំនៅមកជាមួយក៏មានចំណែកក្នុងកិច្ចការនេះ ដូចចៅក្អែកដែលបំពេញភារកិច្ចជាចារជន និងជានីរសារដែរ។ ចៅស្មាន់ក៏ប៉ិនប្រសប់ ក្នុងការបង្វែងដានព្រាន ទុកពេលឲ្យចៅកកេរធ្វើការ។ ម្នាក់ៗសុទ្ធតែមាននាទីក្នុងការធ្វើអន្តរាគមន៍ បញ្ចេញប្រតិកម្ម និងបំពេញការងារ។
     ដូចនេះតើនរណាសមនឹងត្រូវបានទទួលរង្វាន់? បើតាមយោបល់ខ្ញុំ គឺបេះដូង។


(ប្រែសម្រួលពីអត្ថបទដើមសរសេរជាពាក្យកាព្យ សៀវភៅទី XII ល្បើកទី១៥របស់កវីនិពន្ធសង់ឌីឡាផុង តែន)។

(ដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី ៧)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: